កិច្ច​ប្រជុំអំពីសំណើសុំគោលការណ៍ វិនិយោគអភិវឌ្ឍន៍ លំនៅស្ថានបែបទេសចរណ៍ ឆ្នេរព្រែក

ខេត្តកំពត៖នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំប្រាសាទព្រះវិហាររបស់សាលាខេត្តកំពត បានរៀបចំកិច្ចប្រជុំលើ​សំណើ​សុំ​គោលការណ៍អនុញ្ញាតវិនិយោគអភិវឌ្ឍន៍លំនៅស្ថានបែបទេសចរណ៍តំបន់ពយក្បាលរមាស ឃុំត្រពាំងសង្កែ និង​កោះតូចទាំងពីរ ឃុំកំពង់សំរោង និងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតរបស់​ក្រុម​ហ៊ុន TARGET ESTATE and ASSET MANAGEMENT។ 

កិច្ចប្រជុំនេះស្ថិតក្រោ​មអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមាន​ការអញ្ជើញចូ​លរួមពីសំណាក់ លោក ប៉ឹល កុសល អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ព្រមទាំង​មន្ត្រីនៃមន្ទីរជំនាញ អភិបាលស្រុកទឹកឈូ នាយកទីចាត់ការអន្តរវិស័យ ក៏ដូចជា​មន្រ្តី​ពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ដាញ់ សារី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត​បានបញ្ជាក់ថា ក្រុមហ៊ុនTARGET ESTATE and ASSET MANAGEMENTបានស្នើសុំ៦ទីតាំង ស្ថិតនៅ​ឃុំចំនួន​៣ ដោយក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋ ហើយមានតែ០១ទីតាំង​ប៉ុណ្ណោះដែ​លកំពុងដំណើរការ។ 

ថ្លែងក្នុងកិច្ចប្រជុំព្រឹកនេះ លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត បានតម្រូវឱ្យក្រុម​ការងារថ្នាក់ខេត្តសហការជាមួយរដ្ឋបាលស្រុកទឹកឈូបន្តដោះស្រាយធ្វើយ៉ាងណាប្រកបដោយតម្លាភាព និងយុត្តិធម៌ ពិសេសបន្តដោះស្រាយការវិវា​ទនានារវាងក្រុមហ៊ុន​ជាមួយប្រជាពលរដ្ឋ​ឱ្យទទួលបានប្រសិទ្ធភាព៕