ឯកឧត្ដម ម៉ែន វិបុល ​អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុប លទ្ធផលការងារប្រចាំខែវិច្ឆិកា  និងលើកទិស​ដៅការងារ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត

ខេត្តស្វាយរៀង​៖នាព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែ​វិច្ឆិ​កា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអ​ញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០​១៩ របស់រដ្ឋបាលខេត្ត នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារ​ងសាលា​ដំបូង​ខេត្ត សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកស្នងការនគរបាលខេត្ត លោកមេបញ្ជា​ការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអនុប្រធាន​ពន្ធធនាគារខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់​ព័ន្ធជាច្រើនរូបផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្តបានផ្ដាំផ្ញើដល់ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំង​ប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តយក​ចិត្តទុកដាក់អនុវត្ត​កិច្ចការសំខាន់​ៗ មួយចំនួនដូចខាងក្រោម ៖
១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
២.ត្រូវផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីត្រៀមលក្ខណៈក្នុងការថែរក្សា​ទឹកទុក​ក្នុង​កំឡុងពេលដែលភាពរាំងស្ងួត និងចូលមកដល់នារដូវប្រាំងខាងមុខនេះ។

៣- អាជ្ញា​ធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវជម្រុញការដោះស្រាយទំនាស់នៅតាមមូលដ្ឋានរបស់ខ្លួន អោយបានទាន់ពេលវេលា ស្របតាមសំណូមពរ និងពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ។
៤.រដ្ឋបាលក្រុង-ស្រុក អង្គភាពពាក់ព័ន្ធត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋឱ្យបានល្អ។
៥.ត្រូវពិនិត្យទប់ស្កាត់អោយបាននូវការសាង សង់សំណង់ ឫតូបលក់ដូរណាដែលរំលោភ​មកលើដីចំ​ណីផ្លូវសាធារណៈអោយមានប្រសិទ្ធភាព។
៦.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យតាមដានការងារបង្ករបង្កើនផល និងការប្រមូល​ផលស្រូវរបស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

ក្នុងនោះឯកឧត្ដ​មអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហ​ការ​អនុវត្ត​តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាសាធារណៈ ការដាក់វេនប្រចាំការ និងការចូល​រួមសហការទប់ស្កាត់បដិវត្តពណ៌ ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី ប៉ុនប៉ងផ្តួលរំលំ​រាជរដ្ឋា​ភិបាលស្របច្បាប់កាលពីថ្ងៃទី៩ ខែវិច្ឋិកា ឆ្នាំ២០១៩កន្លងទៅ ដែលធានាបាននូវ សន្ដិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋបានល្អប្រសើ៕