ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ

រាជធានីភ្នំពេញ​៖ប៉ូលីសពាក់ឯក​សណ្ឋានស័ក្តិ​៣ ក្លែងក្លាយធ្វើសកម្មភា​ពឆែកឆេរសម្ភារៈ និងគំរាម​ពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ ត្រូវសមត្ថកិច្ច​​ប៉ុស្តិ៍សង្កាត់​ចោម​ចៅទី​៣ នាំ​ខ្លួន​ទៅសាកសួរ។
ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខបុរីសែនម​នោរម្យ ក្នុងសង្កាត់ចោមចៅ​ទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ប៉ូលិសក្លែងក្លាយរូបនេះមានឈ្មោះ ទូច ដេវីត អាយុ២៤ឆ្នាំ មុខរបរ​លក់​ផលិតផលតាមអនឡាញ ស្នាក់នៅម្ដុំទួលទំពូងទី២ ខណ្ឌចំការមន មានស្រុកកំណើត ស្រុក​ស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CU-9499។
ចំណែកជនរងគ្រោះមានឈ្មោះ ជា សុផាណាត់ អាយុ២៤ឆ្នាំ មុខរប​ជាកម្មកររោងចក្រ ស្នាក់ម្តុំវត្តអង្គ ខណ្ឌពោធិ៍សែ​នជ័យ ជិះម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​1FE-1609។

បើតាមប្រពភព័ត៌មានពីយុវជនរងគ្រោះ​បាន​ឲ្យដឹងថា​៖មុនពេលកើតហេតុរូបគេ​បានជិះម៉ូតូ ពីរង្វល់​មូល​ចោមចៅ ទៅតាមផ្លូវជាតិលេខ៤ ពីកើតទៅលិច ខណៈពេលនោះ ក៏មានបុរសម្នាក់ ពាក់ឯក​សណ្ឋាន​ជា​ប៉ូលិសស័ក្តិ៣ បានជិះម៉ូតូដេញពីក្រោយ រហូតដល់​ចំណុច​កើតហេតុបាន​កាក់ម៉ូតូ​សុំ​ឆែកឆេរ នៅពេលឆែក​ឆេររួច រកមិនឃើញអ្វីទេ ទើបប៉ូលិសរូបនេះ​គំរាមយកទៅខណ្ឌ ដើម្បី​ពិនិត្យ​ទឹកនោម បន្ទាប់មកក៏​មានការភ្ញាក់ផ្អើល​ដល់ធ្វើដំណើរ និងអ្នកយកព័ត៌មាន បានសាកសួរ​ទៅលើប៉ូ​លិសសក្តិ៣រូបនេះ ដើម្បីបញ្ជាក់​ពីអត្ដសញ្ញាណច្បាស់លាស់ តែប៉ូលីសរូបនេះមិនព្រមឆ្លើយសោះ ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បាននាំប៉ូលិសនោះ និងយុវជនរងគ្រោះ មកប៉ុ​ស្តិ៍ចោមចៅទី៣ ដើម្បីធ្វើការសាកសួរ។ក្រោយសួរនាំប៉ូលីសម្នាក់នោះ បានឆ្លើយសារភាពថា ខ្លួន​ជាសមត្ថកិច្ចក្លែងក្លាយទេ ហើយខោអាវឯកសណ្ឋាននេះ គឺទិញនៅផ្សារទឹកថ្លា ព្រោះស្រលាញ់​ខោ​អាវប៉ូលី​សពេក។
បច្ចុប្បន្នប៉ូលីសក្លែងក្លាយខាងលើ សមត្ថកិច្ច​កំពុង​កសាងសំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី​៕