កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង

ខេត្តកណ្តាល៖​ដើម្បីចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារ ខូចគុណភាព និងហួសកាល​បរិច្ឆេទ​ ដែលដាក់លក់នៅលើទីផ្សារ ដែលធ្វើឲ្យប៉ះពាលដល់សុខភាពប្រជាពលរដ្ឋនោះ នៅព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មន្រ្ដីកាំកុងត្រូលសាខាខេត្តកណ្តាល បានសហការជាមួយ និង​អាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទំនិញនៅផ្សាររ​កាកោង ស្រុកមុខកំពូល ជាលទ្ធផល​បានរកឃើញ​ផលិតផលហួសកាលបរិច្ឆេទ និងខូចគុណភាពមួយចំនួន យកទៅកំទិច​ចោល

លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះ​ពិនិត្យទំនិញ នៅផ្សាររការកោងខាងលើនេះ ក្រុមការងារបានរ​កឃើញទំនិញ ហួសកាលបរិច្ឆេទ និង​ខូចគុណភាពរួមមាន​

ប្រហិតសាច់មាន់និងhot dog ចំនួន៦កញ្ចប់ ហួសកាលបរិច្ឆេទប្រើប្រាស់។

ទឹកក្រូចcoca cola ដបជ័រចំណុះ៣៥០ml ចំនួន១២ដប,ភេសជ្ជៈសាំម៉ូរៃ (sumurai) ដប​ជ័រចំណុះ​៣៥០ml ចំនួន១២ដប និងភេសជ្ជៈ M150 ចំនួន២កេស ស្មើនិង៤៨កំប៉ុង ខូចគុណភាព និងផុតកា​លបរិច្ឆេទ​ប្រើប្រាស់។

ប៊័រចំនួន៣១កំប៉ុងតូច ហួសកាលបរិច្ឆេទប្រើប្រាស់ ។

លោកបន្តថា ក្រោយពីរកឃើញទំនិញខូចគុណភាពទាំងអស់នោះ ក្រុមការងារបានធ្វើកំណត់ហេតុ ដក​ហូត ដើម្បីធ្វើការដុតកម្ទេចចោលតេម្តង

ឆ្លៀតឱកាសនោះដែរបានធ្វើការអប់រំណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបាន​យល់​ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ការប្រើប្រាស់ និងការដា​ក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ក្នុងនោះលោកក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងត្រូវយ​កចិ​ត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ ទំនិញ និងម្ហូបអាហារទទួលទាន គឺចាំបា​ច់ត្រូវរកទំនិញ​ណាដែលមានសុវត្ថិភាព និងគុណភាព ដែលមិនប៉ះពាល់សុខភាព ដល់អ្នក​ប្រើប្រាស់ មុននិងទិញ ឬចែកចាយបន្តត្រូវពិនិត្យមើលការបរិច្ឆេទឲ្យបានច្បាស់លាស់៕