ឯកឧត្តម កែន សត្ថា ដឹកនាំកិច្ចប្រជុំ ​ប្រតិទិនការងារកសាងផែនការ​ ការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកែប

ខេត្តកែប៖សេចក្តីព្រាងស្ដីពីប្រតិទិ​នការងារកសាងផែនការអភិវឌ្ឍន៏រយៈ​ពេលប្រាំឆ្នាំរបស់រដ្ឋបាល​ខេត្ត និងសេចក្តីព្រាងសេចក្តីសម្រេ​ចគោលការណ៍ណែនាំផ្នែក​គោលនយោបាយរបស់​ក្រុម​ប្រឹក្សា​ខេត្ត អាណត្តិទី៣ ត្រូវបានដាក់ជូនគណៈកម្មាធិ​ការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តកែប នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងអង្គប្រជុំ ឯក​ឧត្តម កែន សត្ថា អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសម្រប​សម្រួល​បច្ចេកទេស បានមានប្រសាសន៍ថា ដំណើរការនៃការកសាងផែនការអភិវឌ្ឍន៍ជាងពេល៥ឆ្នាំ របស់ខេត្តកែប ត្រូវតែរៀបចំតាមសេចក្តីណែនាំបច្ចេកទេស និងត្រូវមានប្រតិទិនច្បាស់លាស់។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា សមាជិក សមាជិកា របស់គណៈកម្មការសម្របសម្រួល​បច្ចេកទេ​សនាពេលនេះ ត្រូវតែពិនិត្យ និងផ្ដល់យោបល់ ទៅលើឯកសារចំនួនពីរ គឺប្រតិទិនការងារក​សា​ងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់ខេត្ត និងសេចក្តីព្រាងសេចក្តីសម្រេចគោលការណ៍​ណែ​នាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្តឲ្យបានហ្មត់ចត់ ព្រោះឯកសារទាំងពីរនេះពិតជា​មានសារសំខាន់ណាស់សម្រាប់គាំទ្រដំណើរការនឹងការចាប់ផ្ដើមនៅការកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំរបស់ខេត្ត ឲ្យមានប្រសិទ្ធភាពនិងភាពអាចអនុវត្តបានដោយជោគជ័យ៕