ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំ នៅព្រលានជល់ដំរី ដើម្បីអបអរ​សាទ​ខួប​១ឆ្នាំ នៃការដាក់បញ្ជូលល្ខោនខោលកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្ស​ជាតិ

ខេត្តសៀមរា​ប៖នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំ​ព្រឹត្តិការណ៍​សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំ» ដើម្បីអបអរសាទខួប១ឆ្នាំ នៃការដាក់បញ្ជូល​ល្ខោនខោលកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នៅព្រលានជល់ដំរី ក្នុងបរិវេណប្រាសាទបាយ័ន នៃខេត្តសៀមរាប។ 

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រលិល្បៈបានមានប្រសាសន៍ថា ព្រឹត្តិ​ការណ៍សិល្បៈនេះ គឺជាការសម្តែងល្ខោនខោល ក្នុងគោលបំណងចង់ឱ្យសាធារណជនជាតិ និងអន្ត​រជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាព នៃវប្បធម៌ជាតិខ្មែរ ខណៈដែលល្ខោនខោលខ្មែរ ត្រូវ​បាន​ទទួលស្គាល់ដោយអង្គការ UNESCO អស់រយៈពេល១ឆ្នាំកន្លងទៅ។

លោកជំទាវបន្តថា ព្រឹត្តិការណ៍សិល្បៈនៅថ្ងៃនេះ តាមការផ្សព្វផ្សាយតាមរយៈភ្ញៀវទេសចរអន្តរជាតិ បណ្តាញទំនាក់ទំនងសង្គម ទូរទស្សន៍ ពិភពលោកនិងបានឃើញពីតម្លៃ ល្ខោនខោលកម្ពុជា តម្លៃម​នុស្សជាតិ ហើយនេះជាបំណងដែលយើងគ្រប់គ្នាចង់បាន។ 

លោកជំទា​វបានបញ្ជាក់ថា បើតាមការគ្រោងទុកព្រឹត្តិការណ៍​នេះមានអ្នកចូលរួមប្រ​មាណ៣ពាន់នាក់​ប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងមនុស្សមានការចូលរួមហួសការរំពឹងទុកប្រមាណ១ម៉ឺននាក់ឯនោះ។កត្តាទាំងនេះបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជាមានខ្ពស់ក្នុង​ការការពារលើកកម្ពស់តម្លៃ​សម្បត្តិ​បេតិក​ភណ្ឌវប្បធម៌ខ្មែរយ៉ាងខ្លាំងខ្លា។ 

លោកជំទាវបានអំពាវនាវឱ្យប្រជាជនខ្មែរ ជាពិសេសយុវជនបន្តសកម្មភាពគាំទ្រឱ្យ​បានកាន់តែខ្លាំង​ខ្លា​បន្ថែម​ទៀត ដើម្បីថែរក្សាសម្បត្តិ បេតិកភណ្ឌវប្បធម៌ដ៏សម្បូបែបដែលដូតាខ្មែរយើងបន្សល់ទុកឱ្យ នៅបានយូអង្វែង​ទៅមុខទៀត។

គួររំលឹកដែរថា ល្ខោនខោលរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូល​ទៅក្នុងបញ្ជីបេតិក​ភណ្ឌ​វប្បធម៌អរូបី នៃមនុស្សជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃ​គណៈ​កម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារ​បេតិកភណ្ឌវប្បធម៌អរូបីរបស់​អង្គការយូណេស្កូ​នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស៕