បង្ក្រាប​ទីតាំងផលិតស្ក​រត្នោត​ក្លែងក្លាយ​ចំនួន៣កន្លែង នៅ​ស្រុកអង្គស្នួល រឹបអូស​បានស្ករត្នោត​ក្លែងក្លាយ ២តោន ​និងសម្ភារមួយចំនួន

ខេត្តកណ្ដាល៖នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យ​ប្រឆាំងបទល្មើស​សេដ្ឋកិច្ច​ខេត្ត ដឹកនាំដោយ លី សុជាតិ ស្នងការរងនគរបាល ​សហការជាមួយសមត្ថកិច្ចស្រុក និងមន្ត្រីពា​ក់ព័ន្ធ ចុះបង្ក្រាបទី​តាំងផលិតស្ករត្នោតក្លែងក្លាយចំនួន៣កន្លែងផ្សេងគ្នា​ ដោយរឹបអូស​បានស្ករត្នោត​ក្លែង​ក្លាយផលិតរួចជាង២តោន និងសម្ភារផលិតមួយចំនួន ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ម្ចាស់ទីតាំងផលិតកែច្នៃស្ករត្នោតទាំង៣ទីតាំងខាងលើ ត្រូវបានហៅ​មកអប់រំ​និងធ្វើកិច្ចសន្យាមិនឲ្យប្រព្រឹត្តបន្តទៀត។ចំណែកវត្ថុតាងរួម​មានម៉ូទ័រកូរស្ករ ឆ្នាំងខ្ទះ ស្ករស និងស្ករ​ត្នោតក្លែងក្លាយកែច្នៃរួច ត្រូវបានយកមករក្សាទុកនៅ​អធិដ្ឋាននគរបាលស្រុកអង្គរស្នួល ដើម្បី​បន្តនីតិវិធី។

សមត្ថកិច្ចបន្តថា ទីតាំងដែលបង្ក្រាបបានរួមមាន៖
-ទីតាំងទី១/​ឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិរំលេច ឃុំទួលព្រិច ស្រុកអង្គរស្នួល ខេត្តកណ្តាល។
-ទីតាំងទី២/ឈ្មោះ ជឹម ជុន អាយុ៣៥ឆ្នាំ មានទីនៅភូមិម៉ឺនរៀម ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។
-ទីតាំងទី៣/​ឈ្មោះ យ៉ិន រ៉ុន ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅ ភូមិច្រកកហរសាំង ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងដែលដកហូតបានទាំង៣ទីតាំងសរុបរួមមាន៖
-ម៉ូទ័រកូរស្ករចំនួន៥គ្រឿង
-ខ្ទះរំងាស់ស្ករចំនួន៦
-ស្ករសចំនួន ៤៥បាវ ស្មើនឹង២២៥០គីឡូក្រាម
-ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន៧៤ធុងស្មើ នឹង២២៥០គីឡូក្រាម​៕