ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន​ នឹង​បង្កើតវគ្គ​បណ្តុះបណ្តាល ដល់ជាងសំណង់ ដើម្បីធ្វើឱ្យ​វិស័យសំណង់​មានបានគុណភាពខ្ពស់

ខេត្តកំពត៖ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ី​មេន (CMIC) នឹងបង្កើតវគ្គបណ្តុះបណ្តាល ដល់ជាងសំ​ណង់​អាជីពឱ្យមានលក្ខណៈទូលំទូលាយជាងមុន និងឱ្យមានភាពប្រសើរឡើង មានភាពរហ័ស មានគុណ​ភាព ព្រមទាំងអាចរកប្រាក់កម្រៃបានខ្ពស់ជាងមុនទៀតផង។

ការលើកឡើងបែបនេះ ជាការឆ្លើយតបរបស់លោក ទៀង សុភៈវិជ្ជា ប្រធានទំនាក់ទំនងក្នុងក្រុមហ៊ុន ជីប ម៉ុង អ៊ិ​នស៊ី ស៊ី​មេន ក្នុងវគ្គបណ្តុះបណ្តាល និងចុះកិច្ចព្រមព្រៀងសហប្រតិបតិ្តការ (MoU) រវាង​វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត និងក្រុមហ៊ុន Chip Mong Insee Cement Corpo​ration ដើម្បីសាងសមត្ថភាពជំនាញដល់ជាងសំណង់ ក្នុងការរួមចំ​ណែកអភិវឌ្ឍន៍​វិស័យ​សំណង់ឱ្យកាន់តែមានគុណភាព នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេសតេជោសែនកំពត ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក ជ្រុន គឹមលេង នាយកវិទ្យា​ស្ថាន​ពហុបច្ចេកទេសភូមិភាគតេជោសែនកំពត និងលោក នីកូឡាស់ ចច(Nicolas George) នាយកប្រតិ​បតិ្ត ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ី​មេន (CMIC) ព្រមទាំងមន្ត្រី និងបុគ្គលិកក្រោមឱវាទជា​ច្រើនរូបនៃស្ថាប័នទាំងពីរ ពិសេសគឺមានសិក្ខាកាមចំនួន៣០នាក់ ដែលបានដាក់ពាក្យ​ស្នើសុំចូល​រៀន​វគ្គបណ្តុះ​បណ្តាលដំបូងនេះ

លោកបានបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលជាងសំណង់ដែលមានរយៈពេល៣ខែ ក្នុងមួយវគ្គ នឹងធ្វើឱ្យជាង​សំណង់មានជំនាញកាន់តែប្រសើរជាងមុន ដោយវគ្គនេះនឹង​គ្របដណ្តប់លើ​មុខវិជ្ជា​សំខាន់ៗ ដូចជាការរៀបចំផែនការ ការងាររៀបឥដ្ឋ ការងារបូកស៊ី​ម៉ងត៍ បញ្ហាសុវត្ថិភាព ការងារ​ចាក់បេតុង ការងារដំឡើងគ្រោងដែក ការងារចាក់ពុម្ព ការងាររៀបចំការដ្ឋាន និងការ​ចុះអនុវត្តន៍​ផ្ទាល់នៅតាមការដ្ឋានសំណង់ទៀតផង

ដោយឡែក លោក នីកូឡាស់ ចច (Nicolas George) នាយកប្រតិបតិ្ត ក្រុមហ៊ុន CMIC បានលើក​ឡើងថា ជាងសំណង់គឺតំណាងឱ្យអ្នកប្រើប្រាស់ភាគច្រើន ដោយយើងត្រូវពឹងផ្អែក ដូចជាសង់ផ្ទះ ឬការិយាល័យ និងការងារសាងសង់សំណង់ជាច្រើនរាប់មិនអស់ គាត់មានតួនាទីយ៉ាងសំខាន់ ដើម្បី​ធានាគុណភាព និងនិរន្តរភាពនៃវិស័យសំណង់ ពិសេសការងារសាងសង់​ត្រូវផ្អែកលើការប្រើប្រាស់​ស៊ី​ម៉ងត៍ដោយត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងស៊ីម៉ងត៍ដែលមានគុណភាពខ្ពស់

ជាមួយនេះ បើតាម​ប្រសាសន៍របស់ លោក ជ្រុន គឹមលេង នាយកវិទ្យាស្ថាន​ពហុបច្ចេកទេសភូមិ​ភាគតេជោសែនកំពត បានបញ្ជាក់ថា ការចុះអនុស្សរណៈនេះមានប្រយោជន៍ដល់វិស័យសំណង់ ដូចជាការអភិ​វឌ្ឍន៍ធនធានមនុស្ស បង្កើតការងារកាន់តែច្រើន ការលើកទឹកចិត្ត​ឱ្យសិស្សចូល​រៀនក្នុងវិស័យ​សំណង់កាន់តែច្រើន ជាពិសេសនោះ​គឺការតម្រង់ទិសកម្មវិ​ធីសិក្សាឱ្យកាន់​តែល្អ​ប្រសើរ។លោកបានបន្តថា៖ នេះជាលើកដំបូង​បំផុតដែលវិទ្យាស្ថាន​ចុះអនុស្សរណៈ​ចាប់ដៃគូជា​មួយ​ផ្នែកឯកជនក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសំណង់៕