ឯកឧត្តម អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យគំរោងប្លង់លំអិត សម្រាប់សាងសង់ ច្រាំង​ទន្លេ នៅក្រុងកំពង់ចាម

ខេត្តកំពង់ចាម៖នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាល នៃគណៈ​អភិបាល​ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យគំរោងប្លង់លំអិត សម្រាប់ សាងសង់ ច្រាំង​ទន្លេ ប្រវែងប្រមាណ១៤០ម៉ែត្រ នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយមានការចូលរួមពី តំណា​ង​កងវិស្វកម្ម ក្រសួងការពារជាតិ ជាអ្នកបច្ចេកទេសសាងសង់ និងមានវត្តមាន មន្ទីរ អង្គភាព ជំនាញ រួមទាំង ស្រុក-ក្រុងពាក់ពន្ធ័ បានអញ្ជើញចូលរួមផងដែរ។

ក្នុងជំហ៊ាន​បន្តបន្ទាប់ រដ្ឋបាលខេត្តនឹងបន្តលើ​កគំរោង សាងសង់ច្រាំងទន្លេ នៅឃុំពង្រ និងឃុំ​ពាមប្រធ្នោះ ស្រុកកោះសូទិន និងច្រាំងទន្លេ នៅឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ជាបន្តទៀត ក្នុង​ចំណោម ទីតាំងជាច្រើនកន្លែងទៀត បានទទួលរងនូវការបាក់ ​ស្រុតច្រាំងទន្លេ ដោយសារមាន​គ្រោះទឹកជំ​នន់ជាប់ៗគ្នា ក្នុងឆ្នាំកន្លងមក២០១៨~២០១៩។

ឯកឧត្តម អភិបាលខេត្ត បានណែនាំអោយ អ្នកទទួលការសាងសង់ ត្រូវអនុវត្ត អោយ​បានល្អ​តាម​ស្តង់ដា បច្ចេកទេស និងគំនូសប្លង់បង្ហាញ ដោយមានលើកប៉ាណូ បង្ហាញគំរោងនិមួយៗ ហើយត្រូវ​ធ្វើយ៉ាងណា​អោយមានគុណភាព និងប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តម បានកំណត់អោយចាប់ផ្តើមការ​សាងសង់ អោយបានឆាប់ក្នុងសប្តាហ៍ខាងមុខនេះ និង បាន​ណែនាំអោយជំនាញកងវិស្វកម្ម ត្រូវធ្វើអោយបានរួចរាល់ នៅមុនពេលរដូវទឹកឡើង ក្នុងឆ្នាំ​នេះ។
ក្រៅពីនេះ ឯកឧត្តម បានចាត់​អោយមន្ទីរ ជំនាញ ដែលមានការពាក់ពន្ធ័ទាំងអស់ ត្រូវចូល​រួមត្រួត​ពិនិត្យ លក្ខណៈ បច្ចេកទេស នៃការសាងសង់អោយបានត្រឹមត្រូវ និងមានគុណភាពផងដែរ​៕