រដ្ឋសភាបើកសម័យប្រជុំ ជាវិសាមញ្ញម្តងទៀតក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ចំនួនបី

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី១​៧ ខែមីនា ឆ្នាំ២០២០ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដោយក្នុងនោះកិច្ចប្រជុំបា​នសម្រេច កោះប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ នៅក្នុងពេលឆាប់ៗខាងមុខនេះ តាមសំណើរ​បស់រាជរដ្ឋាភិបាល ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣។

កិច្ចប្រជុំគណៈកម្មាធិ​ការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាផងដែរ។

សេចក្តីព្រាងច្បាប់ទាំងបីនោះ មាន៖

.សេចក្តីព្រាងច្បាប់ស្តីពី​ ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជា​ណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គ​ម្រោងវិនិយោ​គសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង។

.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់​រាជរដ្ឋាភិបាលនៃព្រះរាជា​ណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោង វិនិយោគសាងសង់​ខែ្សប​ណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្ត​រមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។

.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទា​ត់របស់រាជរដ្ឋាភិបាលនៃព្រះរាជា​ណា​ចក្រកម្ពុជា ឲ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោង​ចក្រ​អគ្គីសនីដុតធ្យូងថ្ម អានុភាព២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ៕