សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសមាគមជប៉ុន-កម្ពុជា

រាជធានីភ្នំពេញ៖ស្ថានភាពជាទូទៅនៃជំងឺកូវីត១៩ ដែលទើបតែនឹងកើតឡើងនៅកម្ពុជា​រយៈ​ពេល​ថ្មីៗនេះប៉ុណ្ណោះ។បញ្ហាជំងឺខូវីដ១៩នេះ គឺជាបញ្ហាដែលយើងអាចគ្រប់គ្រងបាន ប៉ុន្តែអ្វី​ដែលជា​បញ្ហាចម្បងនោះ គឺបញ្ហាជំងឺភ័យខ្លាច។ចំណែកវិ​ធានការទប់​ស្កាត់បញ្ហា​ក្នុងករណីដែល​មានជំងឺកូវីដ​នេះ ដោយរយៈពេលខ្លី ៦ខែ និងរយៈពេលវែង ដោយរដ្ឋាភិបាលកម្ពុជា បានមាន​ផែនការរួច​ជា​ស្រេច​ហើយ ដើម្បីដោះស្រាយបញ្ហាជំងឺនេះ ក្នុងករណី​ដែលជំងឺនេះនៅ​មានក្នុងរយៈពេល​វែងឬ​ក៏ខ្លីនៅ​កម្ពុជា ឬនៅលើពិភពលោក។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសា​ស​ន៍​បែបនេះក្នុងឱកាសដែលសម្តេចទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម តាកាហាស៊ី ហ្វ៊ូមីអាគី​(Takahashi Fumiaki) ប្រធានសមាគមជប៉ុនកម្ពុជានៅវិ​មាន​សន្តិភាព នៅព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព..២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។ 

សូមជំរាបដែរថា ក្នុងជំនួបនោះ ឯកឧត្តម តាកាហាស៊ី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យនាវា Westerdam បានចូលចតនៅក្រុងព្រះសីហនុ កាលពី​ពេលក​ន្លងទៅ​នេះ ដែលនៅលើនាវានោះ ក៏មានជនជាតិជប៉ុនផងដែរ ហើយជនជាតិជប៉ុនទាំងនោះ ក៏បានវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញដោយសេចក្ដីសុខ។ 

ជាមួយនេះ ឯកឧត្តម តាកាហាស៊ី ក៏បានគោរពជម្រាបជូនសម្ដេចតេជោ អំពីស្ថាន​ភាពទូទៅ​ពាក់​ព័ន្ធនឹងជំងឺកូវីដ១៩នៅប្រទេសជប៉ុន រួមទាំងករណីជំងឺកូវីដ១៩នៅលើកប៉ាល់ Diamond princess ហើយ​ឯកឧត្តមក៏បានជម្រាបជូនសម្ដេចផងដែរថា ប្រតិភូដែលឯកឧត្តមនាំមកកម្ពុជាពេលនេះ គឺជាប្រតិភូ អ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ ហើយកំពុងតែធ្វើការយ៉ាង​មមាញឹកនៅ​ក្នុងការ​វិនិ​យោគនៅក្នុងកម្ពុជា ដែលទី១លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានកា​រប្រើប្រាស់សារ​ធាតុរក​ឃើញថ្មី ដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច, ទី២ការផលិតសាប៊ូ ដែលជាសា​ប៊ូសម្អាតកាយ, ទី៣ គឺការជំរុញការវិនិយោគពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានភាពសកម្មឡើងថែមទៀត៕