ផ្ទះប្រជាពល​រដ្ឋចំនួន០៥ខ្នង ត្រូវបានអគ្គិភ័យលេប​ត្របាក់ អស់ទាំងស្រុង ដោយសារឆ្លង​ចរន្តអគ្គី​សនី

ខេត្តព្រៃវែង៖ដោយសា​រឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង ត្រូវអគ្គីភ័យឆាប​ឆេះ​អស់ទាំងស្រុង កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខវត្តខ្យោកកណ្តាល ស្ថិត​នៅក្នុងភូមិខ្យោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះដែលរងការឆាបឆេះអស់ទាំងស្រុងនោះទី១៖ ឈ្មោះ ឈុំ សាខន ភេទស្រី អាយុ៤៤ឆ្នាំ ផ្ទះមានទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ ជញ្ជាំងឈើ ដំបូលប្រក់ក្បឿង (ខូច​ខាតទាំងស្រុង) ឆេះស្រូវអស់១០តោន,ប្រេងម៉ាស្សូត២០កាន, ម៉ូតូគប់ C50 ០១គ្រឿង,ម៉ាស៊ីនបូម​ទឹក០១គ្រឿង,ទូរទឹកកក ០១គ្រឿង,ធុងបាស០២,ខោ អាវ មួយចំនួន និងទូរទស្សន៍០១​(ផ្ទះដើម​ហេតុ)​

ផ្ទះទី២៖ ម្ចាស់​ឈ្មោះ ធា កូលាប ភេទស្រី អាយុ៥១ឆ្នាំ មានទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ ជញ្ជាំងឈើ ដំបូលប្រក់ក្បឿង (ខូចខាតទាំងស្រុង) ឆេះលុយអស់ចំនួន២លានរៀល និង២,០០០ដុល្លារ, មាស៤​ជី,ប្លង់ដី និងសៀវភៅធនាគារ,ខោអាវមួយចំនួន និងទូរទស្សន៍០១គ្រឿង។

ផ្ទះទី៣៖ម្ចាស់ឈ្មោះ តុង សាវណ្ណ ភេទស្រីអាយុ៥៣ឆ្នាំ មានទំហំ៥គុណ៧ម៉ែត្រ ជញ្ជាំងស្លឹកដំ​បូល​ប្រក់សង្កសី (ខូចខាតទាំងស្រុង) ឆេះមាសអស់១១ជី,ផ្លាកទី៩.៥ជី,លុយ៣លាន។

ផ្ទះទី៤៖ ម្ចា​ស់ឈ្មោះ ស្រ៊ា ភា ប្តីប្រពន្ធ អាយុ៥៣ឆ្នាំ មានទំហំ៦គុណ១២ម៉ែត្រ ជញ្ជាំងឈើ ដំបូល​ប្រក់ក្បឿងក្បាច់ (ខូចខាតទាំងស្រុង) ឆេះមាសអស់៥ជី,ម៉ូតូ០២គ្រឿង,លុយ៣លាន។

ផ្ទះទី៥៖​ម្ចាស់ឈ្មោះ មីង យន ភេទស្រី អាយុ៨០ឆ្នាំ មានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ជញ្ជាំងឈើ ដំបូ​ល​ប្រក់ស័ង្កសី (ផ្ទះទុកចោលគ្មានមនុស្សរស់នៅ (ខូចខាតទាំងស្រុង) គ្មានសម្ភារះ។  

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង និងប្រើទឹក​អ​ស់​ចំនួន៥រថយន្តទើបរលត់ជាស្ថាពរ៕