មន្ត្រីកាំកុងត្រូល ​រឹបអូសអាកុលក្លែងក្លាយជាច្រើន​លីត្រ នៅតាមឱសថស្ថាននានា នៅក្បែ​រផ្សា​រអូឡាំពិក

រាជធានីភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម​ បានចុះត្រួតពិនិត្យនៅតាមឱសថស្ថាននានា នៅក្បែរផ្សារអូឡាំពិក ដោយក្នុង​ប្រតិបត្តិការនោះ បានរឹបអូសអាកុលក្លែងក្លាយជាច្រើនលីត្រ ពីឱសថស្ថានមួយកន្លែង ខណៈ​កំពុងដាក់លក់។

បើតាមលោក គង់ វុទ្ធី អនុប្រ​ធានកាំកុងត្រូលសាខារាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីមាន​ពាក្យ​បណ្តឹងរបស់ប្រជាពលរដ្ឋថា មានឱសថស្ថានមួយចំនួន បានលក់អាកុលក្លែងក្លាយ ពេលនោះ​ក្រុមការងាររបស់លោក បានធ្វើការឆែកឆេរ និងត្រួតពិនិត្យនៅបណ្តាឱសថស្ថានជាច្រើនកន្លែង នៅម្តុំផ្សារអូ​ឡាំពិក ដោយប្រតិបត្តិការ នេះមានម្ចាស់ឱសថខ្លះ បានសហការជាមួយក្រុមការងារ ហើយម្ចាស់ឱសថខ្លះមិនក៏បានធ្វើកិច្ចសហការនោះទេ។

លោក គង់ វុទ្ធី ​បន្តថា ក្រុមការងាររបស់លោកនឹងបន្តចុះត្រួតពិនិត្យ តាមឱសថស្ថានផ្សេង​ទៀត​ទាំង​នៅក្នុងរាជធានី និងតាមបណ្តា ខេត្តនានានៅក្នុងប្រទេស ខណៈមានម្ចាស់ឱសថ ឬអាជីវករខ្លះ ឆ្លៀ​ត​ឱកាសនិយមបានដាក់លក់អាកុល និងជែលលាងដៃក្លែងក្លាយ និងគ្មានប្រភពផលិតច្បាស់លាស់ ដើម្បីយក​ចំណេញច្រើន ដោយមិនគិតផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេ​ស​កម្ពុជា មានការរីករាលដាល COVID-19

លោកបញ្ជាក់ទៀតថា អាល់កុលដែ​លមានលាយមេតាណុលចំនួន ៤ពីដុង ស្មើ២០លីត ត្រូវបាន​ដកហូត។ទន្ទឹម​នោះអគ្គនាយកដ្ឋានកាំកុងត្រូលអំពាវនាវដល់ប្រជាពលរដ្ឋ គប្បីទិញរបស់របរជាពិ​សេ​ស​អាកុល និងជែលលាងដៃឲ្យមានស្លាក់សញ្ញាសម្គាល់ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងរបស់​ក្លែងក្លាយ និងគ្មានគុណភាព ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពរបស់​យើងពេលប្រើប្រាស់៕