សម្តេច​ក្រឡាហោម ស ខេង ស​ម្រេចផ្អាក​ជា​បណ្តោះអាសន្ន​ នូវ​ការធ្វើដំ​ណើរ​ចេញពី​ប្រទេស​របស់​ប្រ​ជា​ពលរដ្ឋ​កម្ពុជា ទៅកាន់​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម

រាជធានី​ភ្នំពេញ​៖នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិតជម្រាបជូន​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម អគ្គ​ស្នងការ​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ព្រមទាំង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អំពី​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើដំណើរ​ចេញពី​ប្រទេស​របស់​ប្រជាពលរដ្ឋ​កម្ពុជា ទៅកាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ការធ្វើដំណើរ​ចូល​ព្រះរាជាណាចក្រ​កម្ពុជា របស់​ប្រជាព​លរដ្ឋ​វៀតណាម​។​

​ក្នុងនោះ​សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំចំនួន៤​ចំណុច ជូន​អភិបាលខេត្ត​ជាប់​ព្រំដែន អគ្គ​ស្នងការ​នគរបាល​ជាតិ និង​អគ្គនាយក​អន្តោប្រវេសន៍ រួមមាន​៖
១-​ការធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា ដោយ​ប្រជាពលរដ្ឋ​វៀតណាម និង​ការធ្វើដំណើរ​ចូល​ប្រទេស​វៀតណាម ដោយ​ពលរដ្ឋ​កម្ពុជា តាមផ្លូវ​គោក ផ្លូវទឹក និង​ផ្លូវអាកាស​ទាំងអស់ នឹងត្រូវ​ផ្អាក​ជា​ប​ណ្តោះ​អាសន្ន ចាប់ពី​ម៉ោង ២៣:៥៩ នាទី យប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​។ វិធានការ​នេះ មាន​គោលបំណង​បញ្ចៀស​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​
២-​វិធានការ​ខាងលើនេះ មិន​ត្រូវបាន​អនុវត្ត​ចំពោះ​ពលរដ្ឋ​វៀតណាម និង​ពលរដ្ឋ​កម្ពុជា ដែល​កាន់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​ទេ​។​
៣-​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ត្រូវធ្វើ​ការសម្របសម្រួល​ជាមួយ​ភាគី​វៀតណាម ដើម្បី​ជួយ​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​នូវ​ពលរដ្ឋ​កម្ពុជា​ទាំង​អស់ ដែល​កំពុង​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ ក្នុងប្រទេស​វៀតណាម ប្រសិនបើ​មាន​។​
៤-​អភិបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​កម្លាំង​មាន​សមត្ថកិច្ច តាម​ច្រកព្រំដែន​ទាំងអស់ ត្រូវ​សហការ​សម្របសម្រួល​ជាមួយ​ភាគី​វៀតណាម ដើម្បី​ធានាថា ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​រួម អាចអនុវត្ត​ដោយ​គ្មាន​ការរាំងស្ទះ​។
​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ណែនាំ​ដល់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​វៀតណាម ត្រូវ​ជ​ម្រា​ប​ជូន​ភាគី​វៀតណាម អំពី​វិធានការ​ខាងលើនេះ និង​ស្នើសុំ​ការយោគយល់ ហើយ​ត្រូវ​បន្ត​ពង្រឹង​កិច្ចស​ហប្រតិបត្តិការ និង​ការប្រឹងប្រែង​រួមគ្នា ក្នុងការ​បញ្ឈប់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩នេះ​៕