កិច្ចប្រជុំស្តីពីកា​របង្កើតគណៈ​កម្មការប្រយុទ្ធ នឹងជំងឺកូវី​ដ១៩(COVID-19)

ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន​ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជំរុញ​ដល់​មន្ទីរ​អង្គភាព ​ដែលពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាល ដែលជាសេ​នាធិការឲ្យរដ្ឋបាលខេត្ត ត្រូវធ្វើ​យ៉ាង​ណាដាក់ចេញ​នូវទិសដៅ ដោយបន្ត​លើកកម្ពស់អនុវត្ត​យ៉ាង​សកម្មតាមការ​ណែនាំរបស់​រាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កា​ត់ប្រឆាំង នឹងការរីករាលដាលនៃវីរុសប្រភេទថ្មីកូរ៉ូណា ឬ កូវីដ​១៩(COVID-19) ដែលកំពុងកើតមា​នជាសកល ដោយធ្វើការយកចិត្តទុកដាក់ អប់រំ ផ្សព្វផ្សាយ ណែ​នាំ ដល់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន​ក្រុង ស្រុក ក្នុងទូទាំងខេត្ត អំពីវិធាន​ការនានា​ក្នុងការ​បង្ការ និងទប់ស្កាត់ការឆ្លងមេរោគ(COVID-19) ឲ្យទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ជំរុញ​ដល់​មន្ទីរ​អង្គភាព ​ដែលពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាល​ បាន​ធ្វើ​ឡើងក្នុងឱកាសដែលឯកឧត្តម​ដឹកនាំកិច្ចប្រជុំគណៈកម្មការប្រយុទ្ធនឹង​ជំងឺកូវីដ១៩(COVID-19)​នា​ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុ​ន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២​០ នៅសាលប្រជុំសាលាខេត្ត។

ក្នុងឱកាសនោះ​ក៏មានការអញ្ជើញចូលរួម​ពីសំណាក់ថ្នាក់ដឹកនាំខេត្ត កម្លាំងប្រដាប់អាវុធ មន្ទីរអង្គ​ភាព​ជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ទី​ចាត់ការចំណុះសាលាខេត្ត និងមន្រ្តីរាជកា​រពាក់​ព័ន្ធជាច្រើនរូបទៀតផងដែរ៕