ឯកឧត្តម ជាវ តាយ ដឹកនាំ​កិច្ចប្រជុំកា​រងារពាក់ព័ន្ធ​ការអនុវត្តបន្ទាន់ តាមខ្លឹមសារ​នៃសេចក្ដីណែនាំ របស់រាជ​រដ្ឋាភិបាល ស្តីពីការ​ចាត់វិធានការ និងការទប់ស្កាត់ នៃការរីករាលដាល វីរុសកូវីដ-១៩

ខេត្តកំពត៖កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានបើក​កិច្ចប្រជុំកា​រងារពាក់ព័ន្ធការអនុវត្ត​បន្ទាន់ខ្លឹមសារសំខាន់ៗ​មួយចំនួន នៃសេចក្ដីណែនាំរបស់រា​ជរ​ដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមួយ​ចំនួនស្ដីពីបញ្ហាកា​រទប់ស្កាត់នៃការរីករាលដាល វិរុសកូវីត១៩​ក្រោមកិច្ចដឹ​កនាំអង្គប្រជុំ។

កិច្ច​ប្រ​ជុំនេះ​មា​នកា​រអញ្ជើញចូលរួមពីសំ​ណាក់ លោកលោកស្រីដែល ជាថ្នាក់ដឹ​កនាំមកពី​បណ្ដា​មន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធក្នុង​ខេត្តសរុប​៩៦នាក់ ដោយបានផ្ដោត​ជារបៀបវារៈសំខាន់ៗរួមមាន៖
. ការផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃស្តីអំ​ពីការផ្អាកជាបណ្តោះអា​សន្ននូវការ​ធ្វើដំណើរ​ចេញពីប្រទេសរបស់​ប្រជាពលរដ្ឋកម្ពុជាទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម និងការធ្វើដំ​ណើរចូលព្រះរាជាណាចក្រកម្ពុជារបស់ប្រជាពលរដ្ឋវៀតណាម។
. ផ្សព្វផ្សាយស្តីពីកា​រហាមឃាត់ការចេញចូលរបស់ប្រជាពលរដ្ឋទាំងកម្ពុជា និងវៀតណាមតាម​ច្រក​ទ្វារព្រំដែនទ្វេភាគី និងអន្តរជាតិ កម្ពុជាវៀតណាម ជាបណ្តោះអាសន្ន។

ក្នុងកិច្ចប្រជុំនេះដែ​រ ឯកឧត្តម អភិបាល​ខេត្ត បានក្រើនរំលឹកណែនាំដល់ អាជ្ញាធរក្រុងស្រុក និងកង​កម្លាំង​មានសមត្ថកិច្ចទាំងអស់ រួមនឹងមន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្តត្រូវរួមសហការគ្នាអនុវត្ត រាល់ខ្លឹមសារសេចក្ដី​ណែនាំ របស់រាជរដ្ឋាភិបាលក៏ដូចជា ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ឲ្យទទួលបាន​ប្រសិទ្ធភាព ក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលមេរោគ កូវីត១៩ ទាំងនៅតាមបណ្ដា​ព្រំដែន និងនៅ​ក្នុងខេត្តឲ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ ស្នើលោក​ប្រធានមន្ទីរសុខាភិបាលខេត្ត ចាត់វិធានការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីសាធារណៈ ជាពិសេ​ស នៅទីប្រជុំជន​ តាមព្រំដែន និងផ្សារជាដើម៕