អភិបាល​ខេត្តក្រចេះ ជំរុញដល់មន្ត្រី​ជុំវិញខេត្ត បង្កើនការយក​ចិត្តទុក​ដាក់ អនុវត្តតាមសេចក្តីណែនាំ របស់រាជរដ្ឋាភិបាលជាបន្ទាន់ ​ដើម្បីបង្ការ​ទប់ស្កាត់ការរីករាលដាល ជំងឺកូវីត១៩ ឲ្យមានប្រ​សិទ្ធភាព​ខ្ពស់

ខេត្តក្រចេះ៖ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បាន​ជំរុញដល់មន្ត្រី ថ្នាក់ដឹក​នាំខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ឲ្យបង្កើនការយក​ចិត្តទុកដាក់​អនុវត្តតាម​សេ​ច​ក្តី​ណែ​នាំរបស់រាជរដ្ឋាភិបាលជាបន្ទាន់ ដើម្បីបង្ការទប់ស្កាត់ការរី​ករាលដាលជំងឺកូវីត១៩ ឲ្យមានប្រ​សិ​ទ្ធ​ភា​ពខ្ពស់។ការដាក់វិធានការនេះ ដោយមានបញ្ហា​នៃការរីករាតត្បាលឆ្លងនូវជំងឺកូវីត១៩ គឺជា​បញ្ហាសក​លដែលពិ​ភពលោកក៏ដូចរាជរដ្ឋាភិ​បាលកម្ពុជា​យើងបាន និងកំពុងយ​កចិត្តទុកដាក់​ការបង្ការ និងការទប់ស្កាត់​ដោយដាក់ចេញទាំងវិធានការ នៃការអប់រំផ្សព្វផ្សាយ និងណែនាំ របស់​រាជរដ្ឋាភិបា​លក៏ដូចក្រសួង ស្ថាប័នជំនាញពាក់​ព័ន្ធយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ​។

ឯកឧត្តមអភិ​បាលជំរុញបែបនេះបានធ្វើឡើង​នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញ​ជាអធិបតី​ក្នុង​កិច្ចប្រជុំពិសេស ស្តីពីការដាក់វិធានការ និងការអនុ​វត្តសេចក្តីណែ​នាំរបស់រាជ​រដ្ឋាភិបាលដើម្បី​ទប់ស្កាត់កូវីត១៩។

ក្នុងឱកាសនោះឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានស្នើឲ្យមន្ត្រី ថ្នាក់ដឹក​នាំខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត អនុវត្តវិធានការសំខាន់ៗ​មួយចំនួនរួមមាន៖រដ្ឋបាលក្រុងស្រុក ត្រូវអ​នុវត្ត​តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល​កម្ពុជាស្តីអំពីវិធានការបង្ការ និងទប់ស្កាត់​ការរាតត្បាត នៃការឆ្លងជំងឺកូវីត១៩ មានដូចជា ការបិទផ្អាកជាបណ្តោះ​អាសន្ន នូវកន្លែងមណ្ឌលកម្សាន្ត, KTV, ការជួប​ជុំ ឬប្រមូលផ្តុំមនុស្សច្រើន (រួមទាំងពិធីសាសនា), ការហាមឃាត់​ប្រជាពលរដ្ឋកម្ពុជា និង​វៀតណាម ធ្វើចរាចរឆ្លងច្រក​ព្រំដែន និងពិនិត្យតាមដាន​សភាពការណ៍​ផ្សេងៗទាក់ទង​នឹងការឆ្លងជំងឺកូវីត១៩។

ស្នើរឲ្យមន្ទីរសុខាភិបាល មានវិធានការបាញ់ថ្នាំដើម្បីសម្លាប់មេរោគជាបន្ទាន់ នៅតាមទីប្រជុំជន នៅតាមផ្សារ និងនៅតាមច្រក​ព្រំដែនជាដើម ​ហើយត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះការបាញ់​ថ្នាំសម្លាប់មេរោគនេះ ព្រោះវាអា​ចចូលរួមកាត់បន្ថយអត្រានៃការឆ្លង និងបានណែ​នាំអោយមាន​ការយកចិត្តទុក​ដាក់តាមដានសុខភាពប្រជាពលរដ្ឋ ខណៈវិរុសកូវីដ១៩ កំពុង​រាលដាល​នៅតាម​ខេត្តមួយ​ចំនួន និងជម្រុញដល់ក្រុមគ្រូពេទ្យ មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការ​យកចិត្តទុកដា​ក់ក្នុងកា​ររួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ទន្ទឹមនឹងការព្រួយបារម្ភ និងការភ័យក្លាចឆ្លងជំងឺកូវីដ១៩នេះដែរ ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំ​ដល់សាធារណៈ​ជនទូទៅអោយមានការការប្រុងប្រយ័ត្ន និងការពារសុខភាពខ្លួនផងដែរ។ ជាពិសេ​ស​រួមគ្នាឆ្លើយតបចំពោះ​អ្នកផ្សព្វផ្សាយព័ត៌មា​នមិនពិតក្នុង​ចេតនាបំពុល​សង្គម ដើម្បីធ្វើឲ្យប្រជា​ពលរដ្ឋមាន​ជំនឿទុកចិត្ត និងមិនភ័​យខ្លាច៕