សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិអំពាវនាវ ឲ្យបងប្អូនជនរួមជាតិបន្ត​ប្រុងប្រយ័ត្ន ឲ្យបាន​ខ្ពស់​ក្នុង​ការការពារខ្លួនពីជំងឺកូវីដ១៩

រាជធានីភ្នំពេញទោះបីជាងមួយសប្តាហ៍មកហើយដែល ប្រទេសយើង​ពុំមានករ​ណីឆ្លង​ជំងឺកូវីដ​១៩ថ្មី ប៉ុន្តែយើង​មិនត្រូវធ្វេសប្រហែ​សនិងភ្លេចខ្លួន​ពីការការពារពីជំងឺ​នេះនោះទេ។

នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ ដែលបានប​ង្ហោះ​ផ្សាយ​នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ។

ក្នុងនោះសម្តេចបានអំពាវនាវឲ្យបងប្អូនជនរួមជាតិបន្តប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការការពារខ្លួនពីជំងឺកូវីដ១៩ មិនត្រូវធ្វេសប្រហែស​និងភ្លេចខ្លួនពីកា​រការពារពីជំងឺនេះនោះទេ។សូមបងប្អូន កូនក្មួយ​ទាំងអស់ បន្តរក្សាការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការការពារខ្លួន កុំឲ្យជំងឺនេះឆ្លងមកលើខ្លួនយើង ក្រុម​គ្រួសារយើង សហគមន៍យើង និងប្រទេសជាតិរប​ស់យើងទៀត។

សូមបងប្អូនអនុវត្តឲ្យខ្ជាប់ខ្ជួននូវ​ការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវធ្វើអនាម័យខ្លួន​ប្រាណ​ជា​ប្រចំា ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលលាងដៃ ហើយពេលធ្វើដំណើរ​ត្រូវ​ពាក់​ម៉ាស់ និងមិនត្រូវធ្វើការជួបជុំមនុស្សច្រើននោះឡើយ។

ហើយបើ​ដឹងថា ខ្លួនមកពី​កន្លែងដែលមានការឆ្លងរីករាលដាលជំងឺនេះ ឬបានប៉ះពាល់អ្នកជំងឺនោះ សូមរក្សា​ខ្លួនដាច់ពីគេរយៈពេល១៤ថ្ងៃ និងបើមានបញ្ហាអ្វី​មិនស្រួលសូម​ទាក់ទងជាបន្ទា​ន់ទៅកាន់​លេខ​១១៥។

ជាងនេះទៅទៀតសម្តេចបានថ្លែងគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភាទាំងអស់ ដែល​បានបរិច្ចាគ​ថវិកាចូលរួមជាមួយគណៈកម្មាធិការជា​តិប្រយុទ្ធជំងឺកូវីដ១៩ និងបានចុះអប់រំ ផ្សព្វផ្សា​យ ចែកម៉ាស់ អាល់កុល និងសម្ភារៈមួយចំនួនទៀត ដល់ពលរដ្ឋឲ្យបានយល់ដឹង និងមានមធ្យោ​បាយ​ការពារពីជំងឺនេះ និងសូមសមាជិក សមាជិកាទាំងអស់បន្តសកម្មភាពនេះទៀត ក្នុងកា​រប្រយុទ្ធប្រឆំា​ងវីរុសកូរ៉ណានេះ។

ក្នុងនោះសម្តេចថ្លែងគុណផងដែរ ចំពោះប្រមុខ​រាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់​ចេញនូវវិធានការនានាប្រកបដោយភាពម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ជំងឺនេះទាន់ពេលវេលា៕