អាជ្ញាធរខេត្តតៃនិញ​ ប្រទេសវៀតណាម នាំយកសម្ភារៈសុខាភិបាល ការពារជំងឺឆ្លងកូវីដ១៩ ប្រគល់​ជូនរដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព..៣៥៦៣ ត្រូវនឹងថ្ងៃ​ទី២​៤ ខែមេ​សា ឆ្នាំ២០២០ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយ​លោកនាយករដ្ឋបាល​សាលា​ខេត្ត, លោកស្នងការរងនគរបាលខេត្ត លោកប្រធានទីស្នាក់ការ និងកម្លាំងសមត្ថកិច្ចច្រក​ទ្វារព្រំ​ដែន បានអញ្ជើញទទួល​សម្ភារៈសុខាភិបា​ល ការពារជំងឺឆ្លងកូវីដ១៩ ដែល​ឧបត្ថម្ភដោយ​អាជ្ញាធរ​ខេត្តតៃនិញ ប្រទេសវៀតណាម ស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិតម៉ុកបាយ។ 

ចំណែកខាងអាជ្ញាធរខេត្តតៃនិញ ប្រទេសវៀតណាម ដែលអមដំណើរ លោក ង្វៀន ថាញ់ង៉ុក អនុប្រ​ធានគណៈកម្មាធិការប្រជាជនខេត្ត រួមមាន:លោកនាយករងមន្ទីរការបរទេសខេត្ត , មេបញ្ជាការរងក​ងទ័ពការពារព្រំដែនខេត្ត, មេបញ្ជាការរងយោធាខេត្ត, នាយករងនគរបាលខេត្ត, មន្ទីរសុខាភិបា​ល​ខេត្ត។

ដោយឡែកអំណោយ​ដែលឧបត្ថម្ភឱ្យរដ្ឋបាលខេត្តស្វាយរៀងរួមមាន៖ម៉ាស់ចំនួន៣០.០០០ ម៉ាស់ និងទឹកជែលលាងដៃ​ចំនួន ២៤០ដប ចំណុះ៥០០មីលីលីត្រ។

នាឱកាសនោះលោក សុខ រស់ អភិបាលរងខេត្ត បានថ្លែងគុណចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្ត​តៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមចំណែកចែ​ករំលែកនូវអំ​ណោយ​ការ​ពា​រជំងឺឆ្លងកូវិដ១៩ ជាមួយរដ្ឋបាលខេត្តស្វាយរៀង ដែលបង្ហាញឲ្យឃើញពីការសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ស្វាយរៀងតៃនិញ ជួយគ្នា ក្នុងគ្រាលំបាកដែល​សកលលោកកំពុងជួបនូវស្ថានភាពជម្ងឺកូវីដ១៩នេះ៕