ឯកឧត្តម ម៉ែន វិបុល ដឹកនាំមន្ត្រីក្រោមឱវាទ​ ចុះពិនិត្យពីស្ថានភាព នៃការ​ដឹកជញ្ជូនទំនិញ​ និង​ការ​ពង្រឹង​វិធានការបង្ការ​ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគ​ណៈកម្មកា​រប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្ត​ស្វាយរៀងបានស្នើដល់កងកម្លាំង មន្ត្រីគយ និងរដ្ឋាករ មន្ត្រី​ចត្តាឡីស័ក និងមន្ត្រី​មានសមត្ថកិច្ច​ដែលឈរជើងនៅច្រកទ្វារព្រំដែនទ្វេភាគីបុសមន​ ទាំងអស់ ត្រូវ​យកចិត្ត​ទុក​ដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏​ដូច​ជារដ្ឋបាលខេ​ត្តពាក់ព័ន្ធ​នឹងការធ្វើ​ដំណើរចេញចូ​លឆ្លងកាត់ព្រំដែ​នរវាងប្រជាព​លរដ្ឋប្រទេស​ទាំងពីរ ដោយឡែកចំពោះ​ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម ត្រូវសម្រប​សម្រួលជាមួ​យភាគី​វៀត​ណាម ដើម្បីសម្រួល និងរក្សាឲ្យបាន​នូវស្ថិរភាព​លំហូរចរាចរទំនិញនាំចេញនាំចូលឆ្លង​កាត់​ព្រំដែន​រវាងប្រទេសទាំងពីរឲ្យប្រព្រឹត្ត​ទៅដោយរលូន ល្អប្រសើរ និងក្រោម​ការយក​ចិត្តទុកដាក់​ខ្ពស់​ក្នុងការសហ​ការរួមគ្នាពង្រឹង​កិច្ចអនុវត្តវិធានការ​បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ស្រប​តាមវិធា​នការចត្តាឡីស័ក ដូចជាការបាញ់ថ្នាំ​កម្ចាត់មេរោគលើរថ​យន្តដឹកទំនិញជាដើម រហូតដ​ល់ស្ថានភាពនៃជំងឺកូវីដ១៩ មានភាពធូរស្រាលឡើងវិញ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ស្នើបែបនេះបានធ្វើឡើង នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព..២៥៦៣ ត្រូវនឹងថ្ងៃទី២៥​ ខែ​មេសា ឆ្នាំ២០២០នេះ ខណៈ​ដែលឯកឧត្តម បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យពីស្ថានភាព នៃការដឹកជញ្ជូនទំនិញ​ និងពង្រឹង​វិធានកា​របង្ការ​ទប់ស្កា​ត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅ​ច្រក​ទ្វារព្រំដែនទ្វេភាគីបុសមន ស្ថិតនៅឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។

ជាមួយគ្នានោះដែរឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍​ថ្លែងនូវការកោតស​រសើរចំពោះ​សមត្ថ​កិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈរជើង​នៅច្រកទ្វារព្រំដែនទ្វេភា​គីបុសមនកន្លងមក ដែលបានខិតខំ​អនុវត្តតួនាទីក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន និងការពង្រឹង​កិច្ចសហប្រតិបត្តិការល្អ​ប្រសើរជាមួយភាគីវៀតណាម ពិសេស​ក្នុងការស​ម្របសម្រួល​លើ​ការដឹកជញ្ជូនទំនិញឆ្លងកា​ត់ព្រំដែនដោយបញ្ជៀសបាននូវការកកស្ទះផងដែរ​៕