ជនសង្ស័យជាស្រ្តីម្នាក់ ដែលធ្វើសកម្មភាព​លួច​ម៉ូតូ​ពលរដ្ឋ ត្រូវ​បានរាជអាវុធហត្ថ ឃាត់ខ្លួន​បញ្ជូនទៅតុលាការ

រាជធានីភ្នំពេញ៖ជនសង្ស័យមានឈ្មោះ ឃីម សេរីរ័ត្ន ភេទស្រី អាយុ២១ឆ្នាំ ដែល​ធ្វើសកម្មភាព​លួចម៉ូតូ០១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៍ក្រហមលាយស ស្លាកលេខ កណ្តាល 1AH-3356 នៅ​ចំណុច មុខបន្ទប់ជួល ផ្លូវ១០៣សង្កាត់​ផ្សារ​ដើមស្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ម៉ោង២០និង៣០នាទី ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់​ខ្លួនបាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង១០នាទី នៅចំណុច ផ្លូវ១៩២ សង្កា​ត់​ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈដែលជនសង្ស័យបានយកម៉ូតូនោះ បំរ៉ុង​ទៅ​បញ្ចាំ រួចបញ្ជូន​មកទីបញ្ជាការដ្ឋានអាវុធហត្ថរា​ជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ​សមត្ថកិច្ចជំនាញ នៃការិយាល័យ​ស្រាវជ្រាវបទ​ល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ។

សូមបញ្ចាក់ផងដែរថា នៅ​ចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជា​បានលួចម៉ូតូ​ពិត​ប្រាកដមែន ហើយរូបគេបានជិះម៉ូតូនោះ ទៅផ្ញើនៅម្តុំផ្សារទួ​លគោក សង្កាត់ទឹកល្អក់២ បន្ទាប់​មករូបគេបានយកម៉ូតូនោះ បំរ៉ុងយក​ទៅបញ្ចាំ ស្រាប់តែមានកម្លាំងអាវុធហត្ថមកឃាត់ខ្លួនតែម្តង​៕