ពលរដ្ឋងា​យរងគ្រោះ ​ខ្វះខាតជីវភាពចំនួ​ន១០០គ្រួសារ មកពីស្រុក ចំនួន២ក្នុងខេត្តកំពត ទទួលអំ​ណោយ​មនុស្សធម៌ពីសាខាកាកបាទក្រហមខេត្ត

ខេត្តកំពត៖នៅព្រឹក​ថ្ងៃចន្ទ ០៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២០ នេះ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងជាអភិបាល នៃគ​ណៈ​អភិបាលខេត្តកំពត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំឯកឧត្តម លោកជំទាវ លោក លោក​ស្រី ថ្នាក់ដឹកនាំខេត្ត នឹង សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុ​សា​ខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និងអាជ្ញាធរមូលដ្ឋាន នាំយកនូវ​អំណោយមនុស្សធ​ម៌ដូច​ជា គ្រឿងឧបភោគ បរិភោគ និងថវិកា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ផ្តល់ជូន​គ្រួសារប្រជាពលរដ្ឋងាយ​រងគ្រោះខ្វះខាតជីវភាពចំនួន១០០គ្រួសារ មកពីស្រុកចំនួន២ គឺស្រុកឈូក​ចំនួន៥០គ្រួសារ និងស្រុកជុំគីរីចំនួន៥០គ្រួសារ ដែលពិធីនេះបានធ្វើឡើងនៅវត្តអង្គឈូក ស្ថិតក្នុងឃុំឈូក ស្រុកឈូក ខេត្តកំពត។

មានប្រសាសន៍សំណេះសំណាល​នោះដែរ ឯកឧត្តម ជាវ តាយប្រធានគណៈកម្មាធិការសាខា បាន​ពាំ​នាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរខ្ពស់ពីសុខទុក្ខនិងបញ្ហាប្រឈមនានា របស់បងប្អូន​ប្រជាពលរដ្ឋ ដែលជួបការលំបាក  អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នា​ការន​យោបាយអ្វីឡើយ ដោយមិនត្រូវទុកចោល​ឲ្យប្រជាពលរដ្ឋណា​ម្នាក់ស្លាប់ដោយ​អត់ស្បៀងអា​ហារ​និងគ្មានការដោះស្រាយឡើយ។

ពាក់ព័ន្ធនឹងការ បង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដើម្បីឲ្យចៀសផុតពីជំងឺដ៏កាច​សាហាវនេះឯ​កឧត្តម​ក៏​បានអំពាវ​នាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ននិ​ងចូលរួមអនុវត្តតាម​វិធានការណែនាំរប​ស់ក្រសួងសុខាភិបាលឱ្យបានគ្រប់គ្នា ពិសេស រស់នៅអោយមាន អនាម័យល្អ ហូបស្អាតផឹកស្អាត ដេកក្នុងមុងជានិច្ច។ 

ជាមួយនោះដែរឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ ត្រូវបង្កើនការ យក​ចិត្ត​ទុកដាក់ជំរុញ ការងារបង្កបង្កើនផល ដាំដុះឲ្យបានទាន់រដូវកាល រួមនឹងការចិញ្ចឹមសត្វ ដើម្បីធា​នា​បាននូវសន្តិសុខស្បៀងក្នុងគ្រួសារនិងសហគមន៍ផងដែរ។ 

អំណោយដែលផ្ដល់ជូ​នគ្រួសារប្រជាពលរដ្ឋទាំង១០០គ្រួសារនាឱកាសនោះ ក្នុងមួយគ្រួសារទទួល​បាន​អង្ក​រ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ  អំបិល២គីឡូក្រាម ទឹកសុទ្ធ១យួរ  និងថវិកាមួយចំនួន​ផងដែរ​។ជាមួយនោះដែរ ឯកឧត្តមជាវ តាយ ក៏បានជូនថវិកាសរុប៦៤ម៉ឺនរៀល ដល់យុវជនកាក​បាទ អ្នក​ស្ម័គ្រចិត្តកាកបាទ ប្រជាការពារភូមិ និងកងកម្លាំងប្រដាប់អាវុធ៦៤នាក់ ដោយម្នាក់ៗទទួ​លបានថវិកា មួយម៉ឺនរៀលផងដែរ៕