ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធជាតិផ្ទុះ ដើម្បីបាញ់សត្វព្រៃ

ខេត្តមណ្ឌលគិរី៖កាលពីរសៀ​លថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ចៅក្រមស៊ើប​សួរនៃសា​លាដំបូង​ខេត្តមណ្ឌលគីរី បានសម្រេច​ឃុំខ្លួនបុរស​ម្នាក់ពីបទប្រើប្រាស់​អាវុធជាតិផ្ទុះដែល​ធ្វើឲ្យខូចខាតដល់​ធន​ធានធម្មជាតិ តាមបញ្ញត្តិមាត្រា៦១ និងមាត្រា៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៣ នៃច្បាប់​ស្ដីពីតំបន់ការពារធម្មជាតិ។

ជនត្រូវចោទ​មានឈ្មោះកៅ ស៊ីយិន ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្រែហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរ​បរិស្ថានខេត្តមណ្ឌលគីរី ចាប់ឃាត់ខ្លួនបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវត្រ​ពាំង​អង្រ្គង ឋិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងដែន​ជម្រកសត្វ​ព្រៃស្រែពក ខណៈពួកគេកំ​ពុងជិះម៉ូតូ២គ្រឿង មានបក្ខពួកចំនួន​៤នាក់ កំពុងដឹកសាច់ព្រៃ ប៉ុន្តែពួក​គេបាន​រត់គេចខ្លួនបាត់អស់ចំនួន៣នាក់។

ក្រោយការចាប់​ឃាត់ខ្លួន មន្រ្តីឧទ្យានុរក្ស បានដកហូតវត្ថុតាងរួមមាន សំណាកជ្រូក​ព្រៃងាប់​ចំនួន​០១ក្បាល,សំណាកសត្វកាំប្រមាងាប់ចំនួន០១ក្បាល និងម៉ូតូចំនួន២គ្រឿង​យកទៅ​រក្សាទុក​បណ្ដោះ​អាសន្ននៅស្នាក់កា​រអភិរក្សបរិស្ថានត្រពាំងត្រាច រីឯសំណាកសត្វ​ព្រៃត្រូវ​បានដុតកម្ទេចចោល និង​កសាងសំណុំរឿងបទល្មើស​ធនធានធម្មជាតិបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្ត​តាមនី​តិវិធី៕