ឯកឧត្តម​ កែន សត្ថា អភិបាលខេត្តកែប ចុះសួរសុខទុក្ខ​ប្រជាការពារចំនួន២៤នាក់ នៅសង្កាត់​អូរក្រសារ

ខេត្តកែប៖ឯកឧត្តម​ កែន សត្ថា អភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋ​បាលខេត្ត​កែប អមដំណើរដោយ​ អភិបាលរងខេត្ត​ គណៈអភិបាលក្រុង និងក្រុមការងារថ្នាក់ខេត្ត នៅរសៀល​ថ្ងៃអង្គារ៍​ ៧កើត ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០​ អ​ញ្ជើ​ញចុះសំណេះសំណាលសួរសុខទុក្ខប្រជាការពារ​ចំនួន២៤នាក់ ក្នុងចំណោម២ភូមិ របស់​សង្កាត់អូរ​ក្រសារ ក្រុងកែប​។ 

ឆ្លៀតក្នុងឱកាសនោះដែរ​ឯកឧត្តម​កែន សត្ថា អភិបាលខេត្ត​ បានមានប្រសាសន៍ថា​ ទោះបីបងប្អូន​ប្រជាការពារ​ មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ក្ដី​ ប៉ុន្តែបងប្អូនមានតួនាទីយ៉ាងសំខាន់ក្នុង​ ការការ​ពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​ តាមគោលដៅនិងមូលដ្ឋានរបស់ខ្លួន​ ដោយសហការជា​មួយកងកម្លាំងទាំង៣​និងអាជ្ញាធរពាក់ព័ន្ធ​ មិនតែប៉ុណ្ណោះ​បងប្អូនក៏​ត្រូវចូលរួម​ចំណែកអនុវត្ត និងទប់​ស្កាត់ការ​រីករាលដាល​នៃជំងឺកូវីដ១៩​ តាមសារអប់រំ​តាមការណែនាំ​ របស់ក្រសួងសុខាភិបាល​ និងរាជរដ្ឋាភិបាល​ ដោយត្រូវមានភាពអនាម័យជាប្រចាំ។  

ក្នុងពិធីសំ​ណេះសំណាលនេះដែរ​ លោកអភិបាលខេត្ត​កែប បានឧបត្ថម្ភជូនបងប្អូនប្រជាការពារ​ក្នុង​ម្នាក់ៗទទួលបាន​ អង្ករ២០គីឡូក្រាម​ សាប៊ូ២ដុំតូច ស្ទីកគ័រអប់រំ​ ក្រម៉ា១ ថវិកាមួយចំនួន​ និងម៉ាស់៥​ប្រអប់ អាល់កុល១០លីត្រ​ ក្នុងមួយភូមិ​ៗ និងសង្កាត់អូរក្រសារ​ ផងដែរ​ សម្រាប់ការងារ​និងតម្រូវការ​ចំបាច់ក្នុងមូលដ្ឋានរបស់ខ្លួន៕