លោកបណ្ឌិតប៉ែន ស៊ីម៉ន នាំអំណោយមនុស្សធម៌សា​ខាកាក​បាទក្រហមខេត្ត ជូនប្រជាព​លរដ្ឋ រង​គ្រោះបដោ​យសារខ្យល់កន្ត្រាក់ ក្នុងស្រុកដងទង់ខេត្តកំពត

ខេត្តកំពត៖​ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ប្រធាន​គណៈកម្មកា​រទី១០​នៃរដ្ឋសភា និងប្រធានកិត្តិយសសា​ខាកាកបាទក្រហមកម្ពុ​ជាខេត្តកំពត អមដំណើរដោយ ឯកឧត្តម ជាវ តា​យ អភិបាលនៃគណៈអភិបាល​ខេត្តកំ​ពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហម​ខេត្ត និងឯកឧត្តម ជឹង ផល្លា ប្រ​ធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី សមាជិក​សភាមណ្ឌលកំពត សមាជិករាជរដ្ឋាភិបាល និងសមាជិក សមាជិកាសាខា អនុសាខា ព្រមទាំង​ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្តរួមនិងអា​ជ្ញាធរ ក្រុម ស្រុក នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២​០២០ បានអញ្ជើញចុះ​នាំយកនូវអំណោយ មនុស្សធម៌សាខាកាកបាទក្រហមខេត្ត រួមមានគ្រឿង​ឧបភោគបរិ​ភោគ និងថវិកា ដើម្បីផ្ដល់ជូន ដល់គ្រួ​សារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់​កន្ត្រាក់ ប៉ះពាល់​ខូចខាតទ្រព្យសម្បត្តិនិងផ្ទះសម្បែង ចំនួន១២១គ្រួសារ​ មកពីឃុំចំនួន៤នៃស្រុកដងទង់ ខេត្តកំពត។

អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង១២១គ្រួសារនាឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ មី១កេស  ទឹកត្រី១យួរ  អំបិល២គីឡូ ទឹកសុទ្ធ១យួរ ទឹកក្រូច១កេស ម្រេចម៉​ដ្ឋ១​កញ្ចប់តូច។​ដោយឡែកអំណោយថវិកាផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ជូនដល់​គ្រួសា​ររលំផ្ទះទាំងស្រុកចំនួន១៣គ្រួសារទទួលបានថ​វិកា៥០ម៉ឺនរៀល គ្រួសារ ខូចខាតផ្ទះ​កម្រិត​មធ្យម​ចំនួន៨៤គ្រួសារក្នុងមួយគ្រួសារទទួល​បានថវិកាចំនួន​១០ម៉ឺនរៀល និងគ្រួសារប៉ះពាល់តិចតួចចំនួន ២៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន៥ម៉ឺនរៀល។

ជាមួយគ្នានេះឯកឧត្តម​បណ្ឌិតក៏បានជូនថវិកាដល់យុវជនកាកបាទចំនួន១១នាក់ អ្នកស្ម័គ្រចិត្តកាក​បា​ទចំនួន៥នាក់ ប្រជាការពារចំនួន ១៥ នាក់និងកងកម្លាំងប្រដាប់អាវុធ ចំនួន៥១នាក់ក្នុងម្នាក់ៗ​ទទួលបានថវិកាចំនួន៤ ម៉ឺនរៀលស្មើគ្នា៕