អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៤ ​ទិវាពលកម្មអន្តរជាតិ០១ ​ឧសភា ឆ្នាំ២០២០ ក្រោមប្រធា​នបទ “សន្តិភាព និងការងារសមរម្យ”

ខេត្តស្ទឹងត្រែង៖នៅព្រឹកថ្ងៃសុក្រ ១០កើត ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ​ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងជាប្រធាន​គណៈកម្មការ​ទី៣ នៃរដ្ឋសភា និងឯកឧត្តម​ ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ស្ទឹងត្រែង​បានអញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៤ ទិវាពលកម្មអន្តរជាតិ០១ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ “សន្តិភាព និងការងារសមរម្យ”។

ពិធីនេះបានធ្វើឡើង​នៅក្រុមហ៊ុន ធី ប៊ី វាយ ប៊ី អង្គរបាណាណា ដែលមានការអញ្ជើញចូលរួម​ពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបា​ល​ខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្រ្តីពាក់​ព័ន្ធ ព្រមទាំងកម្មករ កម្មការនី និយោជិត ជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរឯក​ឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអានខ្លឹម​សារទាំង​ស្រុង​នូវសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៤ទិវាពលកម្មអន្តរជាតិ០១ ឧសភា ឆ្នាំ២០២​០​ជូនអង្គពិធី។

ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងជាប្រធានគណៈកម្មការទី៣ នៃរ​ដ្ឋស​ភា បានមានប្រសាសន៍សំ​ណេះសំណាល និងផ្តាំផ្ញើដល់បង ប្អូនកម្មករ កម្មការនី និយោជិក និង​និ​យោជក់ ទាំងអស់សូមមានការប្រុងប្រយ័ត្ត រក្សាអនាម័យខ្ពស់ និងអនុវត្តតា​មវិធានការការ​ពាររបស់ ក្រសួង​សុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ដើម្បីបង្ការ និងទប់ស្កាត់​ការរីករាលដាល​នូវជំងឺកូវីដ១៩។

ទន្ទឹមនឹងនោះឯកឧត្តម អ្នកតំណាងរា​ស្រ្ត បានអំពាវនាវដល់និយោជក និងម្ចាស់សហគ្រាសនានា សូមមេត្តាពង្រឹងភាពស្និទ្ធស្នាល ជាមួយនិយោជិត កម្មករ និងយកចិត្តទុកដាក់ដល់សុខុមាលភាព និងសុវត្ថិភា​ពរបស់កម្មករ ព្រោះ ភាពជោគជ័យរបស់ក្រុមហ៊ុន ពិតជាត្រូវតែផ្សា​ភ្ជាប់ជាមួយសុខ​ទុក្ខរបស់របស់កម្មករ៕